Unknown Unknown Author
Title: ក្រសួង​វប្បធម៌ ដាក់​ភ្លើង​ក្រហម​បទ “ទាល់​តែ​យូរ​ទើប​ស៊ី​អូន​បាន” និង “ស៊ី​បាន ចេះ​តែ​ស៊ី​ទៅ”
Author: Unknown
Rating 5 of 5 Des:
ក្រសួង​វប្បធម៌ បាន​សម្រេច​ហាម​ឃាត់​ចំពោះ​បទ​ចម្រៀង​ខ្មែរ​២​បទ គឺ​បទ “ទាល់​តែ​យូរ ទើប​ស៊ី​អូន​បាន”របស់​ផលិតកម្ម U Music និង​បទ “ស៊ី​បាន ចេះ​...
ក្រសួង​វប្បធម៌ បាន​សម្រេច​ហាម​ឃាត់​ចំពោះ​បទ​ចម្រៀង​ខ្មែរ​២​បទ គឺ​បទ “ទាល់​តែ​យូរ ទើប​ស៊ី​អូន​បាន”របស់​ផលិតកម្ម U Music និង​បទ “ស៊ី​បាន ចេះ​តែ​ស៊ី​ទៅ” របស់​ផលិតកម្ម​ថោន មិន​អោយ​ថត​ជា​វីដេអូ​ចម្រៀង ឬ​យក​ទៅ​ច្រៀង​លើ​ឆាក​តន្ត្រី​នានា​ឡើយ។ នេះ​បើ​តាម​លោក ស៊ិន ចន្ទសាយ៉ា ប្រធាន​នាយកដ្ឋាន​ភាពយន្ត បញ្ចេញ​ឲ្យ​ដឹង។
 ចំណាត់​ការ​នេះ របស់​ក្រសួង​វប្បធម៌ បន្ទាប់​ពី​បទ​ចម្រៀង​ទាំង​ពីរ​ខាង​លើ បាន​ធ្វើ​ឲ្យ​មាន​ការ​រិះគន់​ធ្ងន់​ៗ​ពី​មហាជន​ទៅ​លើ​ការ​ប្រើ​ពាក្យពេចន៍​មិន​សមរម្យ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តម្លៃ​ស្ត្រី​ខ្មែរ ព្រម​ទាំង​រិះគន់​ទៅ​លើ​ការ​លួច​ចម្លង​ស្នាដៃ​បទ​ភ្លេង​របស់​ប្រទេស​ជិត​ខាង​ផង។
លោក ស៊ិន ចន្ទសាយ៉ា ប្រធាន​នាយកដ្ឋាន​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌
លោក ស៊ិន ចន្ទសាយ៉ា ប្រធាន​នាយកដ្ឋាន​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌ បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​រឿង​កើត​ឡើង​លើ​បទ​ចម្រៀង​ទាំង​ពីរ ក្រសួង​បាន​កោះ​ប្រជុំ​ក្រុម​ការងារ ចុង​ក្រោយ​បាន​សម្រេច​ហៅ​ផលិតកម្ម​ទាំង​ពីរ​មក​ជួប​ធ្វើ​ការ​ណែនាំ និង​ធ្វើ​កិច្ច​សន្យា ដោយ​ក្នុង​នោះ ផលិតកម្ម U Music មាន​ចាងហ្វាង អ្នក​និពន្ធ និង​តារា​ចម្រៀង ម៉ាលីស។
 ដោយ​ឡែក​ផលិតកម្ម​ថោន​វិញ មាន​អ្នក​និពន្ធ និង​អ្នក​គ្រប់​គ្រង​ទូទៅ ជា​អ្នក​ចេញ​មុខ​មក​ជួប ខណៈ​តារា​ចម្រៀង កែវ វាសនា អត់​នៅ​ក្នុង​ប្រទេស។ ស៊ិន ចន្ទសាយ៉ា ថ្លែង​ថា “យើង​បាន​ណែនាំ​ពួក​គាត់ និង​ឲ្យ​ពួក​គាត់​ផ្ដិត​មេដៃ​លើ​កិច្ច​សន្យា មិន​ឲ្យ​ផលិត​ជា​វីដេអូ​ចម្រៀង ឬ​ខារ៉ាអូខេ និង​មិន​ឲ្យ​យក​បទ​ទាំង​ពីរ​នេះ ទៅ​ច្រៀង​លើ​ឆាក​តន្ត្រី​ចល័ត​នានា ឬ​កម្មវិធី​តន្ត្រី​ទូរទស្សន៍​ណា​មួយ​ឡើយ”។
 បទ “ទាល់​តែ​យូរ​ទើប​ស៊ី​អូន​បាន” ច្រៀង​ដោយ​តារា​ចម្រៀង ចាន់ ម៉ាលីស របស់​ផលិតកម្ម U Music  មិន​ទាន់​បាន​ថត​ជា Audio CD ទេ គឺ​ទើប​តែ​និពន្ធ​ចប់ តារា​ចម្រៀង ម៉ាលីស បាន​យក​ទៅ​ច្រៀង​នៅ​លើ​ឆាក​តន្ត្រី​របស់​ទូរទស្សន៍ MyTV ក៏​កើត​ការ​រិះគន់​តែ​ម្ដង។ ដោយ​ឡែក​បទ “ស៊ី​បាន ចេះ​តែ​ស៊ី​ទៅ” របស់​ផលិតកម្ម​ថោន ច្រៀង​ដោយ កែវ វាសនា បាន​ចេញ Audio CD លក់​លើ​ទីផ្សារ​ហើយ។ នេះ​បើ​តាម​លោក មាស សុខរតនៈ អ្នក​ចាត់​ការ​ទូទៅ​របស់​ផលិតកម្ម ប៉ុន្តែ​ថា ចំណាត់​ការ​របស់​ក្រសួង​មិន​ប៉ះពាល់​ដល់​ការ​លក់ CD នេះ​ឡើយ ព្រោះ Audio CD ក្រសួង​មិន​តម្រូវ​ឲ្យ​ឆ្លង​ឡើយ។
ប្រភព : SABAY

About Author

Advertisement

loading...

Post a Comment

 
Top