ភ្នែកជាភាវៈមួយដ៏សំខាន់ប្រចាំជីវិតមនុស្ស។ ប្រសិនបើភ្នែកមានបញ្ហានោះនឹងធ្វើឱ្យជីវិតយើងជួបនូវកម្មអកុសលជាក់ជាមិនខាន។ ធ្លាប់ទេពេលភ្ញាក់ពីគេង មានអារម្មណ៍ថាភ្នែកហើមឡើង ដោយសារការចូលគេងយប់ជ្រៅពេក ឬយំច្រើនពេកជាដើម ដែលជាហេតុនាំឱ្យភ្នែកហើមពោរ។
បើសិនអ្នកមានអាការៈដូចនេះមែន សូមកុំបារម្មណ៍ ថ្ងៃនេះគេហទំព័រ Khmerload សូមលើកយកអំពីវិធីបំបាត់ភ្នែកហើម និងថែរក្សាភ្នែកឱ្យបានល្អជូនប្រិយមិត្តបានជ្រាប៖

ទី១៖ វិធីព្យាបាលជាយ៉ាងឆាប់រហ័ស៖
• ពិសាទឹកឱ្យបានច្រើនជាងធម្មតា៖ ការខ្វះជាតិទឹកបណ្តាលមកពីការយំច្រើនមុនពេលគេង ធ្វើឱ្យសារជាតិប្រៃដែលនៅក្នុងទឹកភ្នែក កកស្ទះនៅរង្វង់ភ្នែកបាន ដូច្នេះអ្នកផឹកទឹកឱ្យបានច្រើន ដើម្បីបញ្ចុះអាការៈហើមនេះ។ ចៀសវាងការញ៉ាំជាតិកាហ្វេអ៊ីន និងភេសជ្ជៈមានជាតិអាល់កុល។
• ម៉ាស្សាភ្នែកដោយប្រើរបស់ត្រជាក់ៗ៖ ត្រសក់អាចបញ្ចប់បញ្ហាភ្នែកហើមនេះបានយ៉ាងល្អប្រសើរ និងឆាប់រហ័សជាងគេ។ អ្នកគ្រាន់តែយកត្រសក់ទៅក្លាស្សេឱ្យត្រជាក់ ហើយយកវាមកស្អំនៅលើភ្នែកប្រមាណ១៥នាទី។ ឬបើគ្មានត្រសក់អ្នកអាចប្រើកូនថង់តូចមួយ (យកវាមកច្រកទឹក) ឬក្រណាត់ស្អាត ហើយដាក់ត្រាំវាក្នុងទឹកកកឱ្យវាត្រជាក់សិន សឹមយកមកដាក់នៅលើភ្នែកថ្នមៗ ១៥នាទីជាការស្រេច។ វិធីដ៏ងាយជាងនេះទៀតនោះ គឺអ្នកក៏អាចប្រើស្លាបព្រាដែកបានដែរ ដោយយកវាទៅក្លាស្សេទុកក្នុងទូទឹកកក ហើយចាំយកវាមកដាក់នៅលើភ្នែក១៥នាទីដូចគ្នា វត្ថុទាំង៣នេះនឹងជួយកំចាត់ភ្នែកហើមអ្នកបាន។
• លាបសារធាតុថែបំប៉នភ្នែក៖ អ្នកអាចរកទិញក្រែម ឬជេលបម្រុងកែវភ្នែកយកមកលាបបាន ដើម្បីជួយបន្ថយអាការៈហើម។ វិធីប្រើគឺត្រូវច្របាច់ក្រែម ឬជេល ដាក់នៅលើសំឡី ហើយជូតថ្នមៗ និងផ្អាប់វាទុកនៅលើភ្នែក ប្រហែលជា១០នាទីចាំដកចេញ ហើយលាងសម្អាតទឹកស្អាតធម្មតា។ បញ្ជាក់៖ អ្នកក៏អាចយកផ្លែស្តរប៊ឺរីមកបិទបានដែរ ព្រោះវាជួយបន្តឹងស្បែកភ្នែកបានល្អ។
• ដំឡូងបារាំង៖ មិនធ្លាប់ដឹងមែនទេថា ដំឡូងបារាំងក៏អាចជួយបំបាត់ហើមបានយ៉ាងល្អដែរ។ យកវាមកបកសំបកចេញឱ្យស្អាត ហើយហាន់ជាបន្ទះស្តើងៗ ឬបុកវាឱ្យម៉ត់បិទលើភ្នែកប្រហែលជា ១០ទៅ១៥នាទី ទើបលាងទឹកចេញ នោះដំឡូងបារាំងនឹងជួយឱ្យភ្នែកអ្នកត្រជាក់ និងបញ្ចុះអាការៈហើម។
• ហាត់ប្រាណ៖ វាជួយឱ្យប្រព័ន្ធឈាម រត់ក្នុងរាងកាយដំណើរការបានល្អ សព្វគ្រប់ទីកន្លែង បើមានពេលទំនេរ អ្នកគួរដើរលេងលំហែរ ឬចេញទៅរត់ហាត់ប្រាណនៅខាងក្រៅ ឬហាត់យោហ្គាក៏ល្អម្យ៉ាងដែរ។
ប្រភព : KHMERLOAD.COM
Post a Comment