ជនរងគ្រោះចាញ់បោកដោយសារមាន អ្នកទូរសព្ទពីបរទេសបន្លំខ្លួនជាមន្ត្រីរបស់ប្រទេសនោះ ហើយប្រាប់ជនរងគ្រោះថា កញ្ចប់ឥវ៉ាន់ដាក់ទំនិញខុសច្បាប់ជាច្រើន ដែលដឹកតាមកប៉ាល់ បានដាក់ឈ្មោះជនរងគ្រោះ។
កូនស្រីជនរងគ្រោះអ្នកស្រី C.Ong វ័យ៤៥ឆ្នាំថា ម្ដាយគាត់បានទទួលទូរសព្ទបែបនេះចាប់តាំងពីខែមេសាមកម្ល៉េះ។ ជនបោកប្រាស់អះអាងថា ខ្លួនជាមន្ត្រីប៉ូលិសចិន ហើយប្រាប់ជនរងគ្រោះវ័យ ៧៨ឆ្នាំខាងលើថា គាត់កំពុងត្រូវប៉ូលិសស៊ើបអង្កេតករណីពុករលួយហើយ។ ជននោះបានប្រាប់ជនរងគ្រោះទៀតថា ពួកគេនឹងទិញទូរសព្ទមួយឲ្យគាត់មួយគ្រឿង ដើម្បីងាយទាក់ទងគ្នាផ្ទាល់។ ពួកគេបានសុំព័ត៌មានផ្ទាល់ខ្លួន និងព្រមានជនរងគ្រោះមិនឲ្យប្រាប់អ្នកដទៃជាដាច់ខាត សូម្បីសមាជិកគ្រួសារ។
ដោយខ្លាចពីសុវត្ថិភាពក្រុមគ្រួសារ គាត់បានទៅដកលុយពីម៉ាស៊ីន BM (ស្រដៀង ATM) នៅទីតាំង Marine Parade ចំនួន ១០ម៉ឺនដុល្លារសិង្ហបុរី ហើយបានផ្ញើប្រាក់ទាំងនោះទៅឲ្យធនាគារចិនតាមរយៈសាខា Beijing West ទៅឲ្យជនល្មើសតែម្ដង។
រយៈពេល២ថ្ងៃក្រោយ ក្រុមបោកប្រាស់បានដាក់សម្ពាធឲ្យគាត់ផ្ទេរប្រាក់ចំនួនចំនួន ១០ម៉ឺនដុល្លារសិង្ហបុរីបន្ថែមទៀត។ បន្ទាប់មក គាត់បានទៅកាន់ភ្នាក់ងារផ្ទេរប្រាក់ តែភ្នាក់ងារបដិសេធមិនផ្ញើឲ្យ ដោយសារវាមានចំនួនទឹកប្រាក់ច្រើនពេក ក្នុងរយៈពេលផ្ទេរប្រាក់ខ្លីប៉ុណ្ណោះ។
ក្រោយមកភ្នាក់ងារបានទូរសព្ទហៅកូនស្រីរបស់គាត់ គឺអ្នកស្រី Ongមកជួយបញ្ជាក់ ទើបដឹងថាគាត់ចាញ់បោកគេតែម្ដង។ អ្នកស្រីបានសម្ដែងអារម្មណ៍សោកស្ដាយក្នុងការបាត់បង់ទឹកប្រាក់ដ៏ច្រើនទៅជនទុច្ចរិត តែគាត់ក៏បារម្ភផ្លូវចិត្តរបស់ម្ដាយខ្លាំងដែរ។ ពេលនេះប៉ូលិសបានសហការគ្នាស៊ើបអង្កេតស្វែងរកចាប់ខ្លួនជនល្មើសហើយ៕
ប្រភព : SABAY
Post a Comment