សហរដ្ឋអាមេរិក៖ ស្ថិតនៅរយៈកម្ពស់១,០០០ម៉ែត្រពីដី នៅពីលើដងផ្លូវ នៃទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក បំពង់កញ្ចក់រំអិល នៅខាងក្រៅជាន់ទី៧០ នៃអគារខ្ពស់បំផុត ក្នុងទីក្រុងមួយនេះ កំពុងតែត្រៀមខ្លួន បើកស្វាគមន៍ អ្នកក្លាហានទាំងឡាយណាដែលហ៊ានជិះវា។
បំពង់រំអិលមានឈ្មោះថា «Skyslide» នេះ ត្រូវបានធ្វើឡើង ជាប់នឹងអគារធនាគារ កម្ពស់ ៧៣ជាន់ ដែលមានឈ្មោះថា «U.S. Bank» ដែលមានកម្ពស់ខ្ពស់បំផុត នៅក្នុងទីក្រុង Los Angeles ហើយនឹងបើកឲ្យសាធារណៈជន ក៏ដូចជាអ្នកក្លាហានទាំងអស់ បានសាកល្បងជិះវា នៅថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០១៦ ខាងមុខនេះហើយ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បំពង់កញ្ចក់រំអិលនេះ មានកម្រាស់ត្រឹមតែ ៣.២សង់ទីម៉ែត្រ និងប្រវែង ១៣.៧ម៉ែត្រ តែប៉ុណ្ណោះ ប៉ុន្តែវាអាចទប់ទល់នឹង កម្លាំងខ្យល់ព្យុះ និងសូម្បីតែការរញ្ជួយដី។ វាអនុញ្ញាតឲ្យអ្នកជិះ អាចជិះរំអិល ពីជាន់ទី៧០ ចុះមកខាងក្រៅ នៃជាន់ទី៦៩ នៃអគារនោះ ដោយចំណាយរយៈពេល ត្រឹមតែ ៤វិនាទីតែប៉ុណ្ណោះ ប៉ុន្តែអ្នកជិះ នឹងពោរពេញដោយ ភាពរំភើបញាប់ញ័រ តែម្តង។
ខណៈបំពង់កញ្ចក់រំអិលនេះ នឹងផ្តល់បទពិសោធន៍ ដ៏រន្ធត់ដល់អ្នកជិះ របាយការណ៍មួយបានឲ្យដឹងថា អគារធនាគារ U.S. Bank នេះ បាននិងកំពុងតែ ព្យាយាមស្វែងរកអ្នកជួល អស់រយៈពេល ជាច្រើនឆ្នាំមកហើយ និងសង្ឃឹមថា បំពង់កញ្ចក់រំអិល Skyslide នេះ អាចនឹងទាក់ទាញ ភ្ញៀវទេសចរ ហើយនឹងអាចរកចំណូល បានយ៉ាងច្រើនផងដែរ។
គួរបញ្ជាក់ផងដែរថា តម្លៃសំបុត្រ សម្រាប់ឡើងទៅទស្សនាទេសភាព ដ៏ស្រស់ត្រកាល នៃទីក្រុង Los Angeles គឺ២៥ដុល្លារអាមេរិក សម្រាប់មនុស្សម្នាក់ និង៨ដុល្លារផ្សេងទៀត បើសិនជាចង់ជិះ បំពង់កញ្ចក់រំអិល Skyslide នោះ។
គួរបញ្ជាក់ផងដែរថា អគារ U.S. Bank ដែលមានកម្ពស់ ៧៣ជាន់នេះ ត្រូវបានក្រុមហ៊ុន OUE ដែលមានមូលដ្ឋាន ក្នុងប្រទេសសឹង្ហបុរីទិញយក កាលពី៣ឆ្នាំមុន ក្នុងតម្លៃ ៣៦៧.៥លានដុល្លារអាមេរិក ខណៈកន្លែងទស្សនាទេសភាព និងបំពង់កញ្ចក់រំអិលនោះ គឺស្ថិតក្នុងផ្នែកមួយ ដែលបានធ្វើការកែកុន អស់ប្រាក់ ចំនួន ៥០លានដុល្លារអាមេរិកទៀត។
បើតាមលោក Lucy Rumantir ប្រធានប្រតិបត្តិការអាមេរិក នៃក្រុមហ៊ុន OUE Limited of Singapore បានប្រាប់ឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «បំពង់កញ្ចក់រំអិល Skyslide នេះ គឺមានសុវត្ថិភាព និងបទពិសោធន៍ដ៏រំភើបញាប់ញ័រ មិនដូចបំពង់រំអិល ផ្សេងៗទៀត នៅក្នុងពិភពលោកឡើយ។ ភ្ញៀវគ្រប់អាយុទាំងអស់ នឹងមានឱកាស ទស្សនាទេសភាព នៃទីក្រុង Los Angeles ក្នុងអំឡុងពេលពួកគេ ជិះរំអិលតាមបំពង់កញ្ចក់ Skyslide ចុះមកក្រោម»៕
ប្រភព : KHMERLOAD.COM
Post a Comment