មិនមែនបញ្ហាជំងឺបេះដូងទាំងអស់ សុទ្ធតែមានសញ្ញាព្រមានច្បាស់លាស់ទេ។ ក៏មិនមែនជាអាការៈ ដូចដែលយើងឃើញនៅក្នុងខ្សែភាពយន្ដនោះដែរ។ រោគសញ្ញានៃជំងឺបេះដូងមួយចំនួន មិនបង្ហាញការឈឺចាប់នៅដើមទ្រូងរបស់អ្នកទេ, មួយចំនួនក៏មិនងាយស្រួល តាមដានដែរ។ អ្នកដែលមានអាយុ ៦០ឆ្នាំ ឬចាស់ជាងនេះ, អ្នកលើសទម្ងន់, អ្នកកើតជំងឺទឹកនោមផ្អែម, អ្នកមានកូឡេស្តេរ៉ុលខ្ពស់ ឬសម្ពាធឈាមខ្ពស់ សុទ្ធតែមានលទ្ធភាពប្រឈមនឹងជំងឺបេះដូង។ ប្រសិនបើអ្នកមិនប្រាកដខ្លួនឯងទេ អ្នកគួរទៅត្រួតពិនិត្យភ្លាម, ជាពិសេសបើជួបប្រទះរោគសញ្ញាដូចខាងក្រោមនេះ ៖
១. ឈឺចាប់ត្រង់ដើមទ្រូង
វាជារោគសញ្ញាទូទៅបំផុត នៃជំងឺបេះដូង។ ប្រសិនបើអ្នកមាន បញ្ហាស្ទះសរសៃឈាម ឬជំងឺគាំងបេះដូង, អ្នកប្រាកដជាមានអារម្មណ៍ថាមាន ការឈឺចាប់ តឹង និងថប់ៗ នៅក្នុងទ្រូងរបស់អ្នក។ មនុស្សមួយចំនួននិយាយថា វាដូចជាមានសត្វដំរី មកអង្គុយពីលើពួកគេ។ អ្នកផ្សេងទៀត និយាយថាវាដូចជាមានគេក្តិច ឬដុតបេះដូងរបស់ពួកគេអីចឹង។ ប្រសិនបើវាគ្រាន់តែឈឺតែមួយភ្លែត - ឬប្រសិនបើឈឺតែពេលដែលអ្នកប៉ះ ឬសង្កត់នៅលើវា - វាប្រហែលជាមិនមែនជាបញ្ហាបេះដូងរបស់អ្នកទេ។ អ្នកគួរតែទទួលយកការត្រួតពិនិត្យ ដោយវេជ្ជបណ្ឌិតដើម្បីបញ្ជាក់វិញ។ ប៉ុន្តែប្រសិនបើមាន រោគសញ្ញាកាន់តែធ្ងន់ធ្ងរថែមទៀត និងមិនបាត់ទៅវិញ បន្ទាប់ពី ពីរបីនាទីរួចមក អ្នកត្រូវទំនាក់ទំនងសង្រ្គោះបន្ទាន់អោយបានលឿនបំផុត។ ដូចគ្នានេះដែរ ត្រូវចងចាំថា ជាទូទៅ មនុស្សស្រីមិនមានរោគសញ្ញាឈឺចាប់ត្រង់ដើមទ្រូងទេ ទោះជាមានបញ្ហាទាក់ទងនឹងជំងឺបេះដូងក៏ដោយ។

២. ក្អួតចង្អោរ, បញ្ហារំលាយអាហារ, ក្រហាយដើមទ្រូង, ឬឈឺពោះ
មនុស្សមួយចំនួនមាន រោគសញ្ញាទាំងនេះ នៅពេលមានជំងឺគាំងបេះដូង។ ពួកគេថែមទាំងក្អួតចង្អោរខ្លាំងៗទៀតផង។ ស្ត្រី ត្រូវបានរាយការណ៍ថា ទំនងជាមានរោគសញ្ញាអស់ទាំងនេះច្រើនជាងបុរស។ អ្នកអាចគិតថាមកពី ម្ហូបអាហារដែលអ្នកបរិភោគ ទើបធ្វើអោយអ្នកឈឺពោះ (ក្រពះ), តែអ្នកក៏គួរតែប្រយ័ត្នផងដែរថា វាអាចមកពីបញ្ហាបេះដូងរបស់អ្នកដូចគ្នា។ ដូច្នេះប្រសិនបើអ្នកជួបប្រទះនូវរោគសញ្ញាទាំងនេះ អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់។
៣. ការឈឺចាប់ដែលរាលដាលពាសពេញដៃ
រោគសញ្ញា គាំងបេះដូងបុរាណមួយ គឺជាការឈឺចាប់ដែល បានរីករាលដាលពាសពេញ រាងកាយខាងឆ្វេងរបស់អ្នក។ ភាគច្រើន វាចាប់ផ្តើមពីដើមទ្រូង រួចរាលដាលទៅកន្លែងផ្សេងៗទៀត។ អ្នកជំងឺភាគច្រើន មានការឈឺចាប់ពេញដៃ ដែលវាប្រែក្លាយទៅជា ជំងឺគាំងបេះដូង។
៤. វិលមុខ ឬឈឺក្បាល
មានកត្តាជាច្រើន ដែលអ្នកអាចមានអារម្មណ៍ថាគ្មានលំនឹង ឬខ្សោយកម្លាំង។ ប្រហែលជាអ្នក មិនបាន បរិភោគអាហារ ឬផឹកទឹកអោយបានគ្រប់គ្រាន់ ឬអ្នកស្ទុះងើបឈរឡើងលឿនពេក។ ប៉ុន្តែប្រសិនបើអ្នក មានអារម្មណ៍ថាមិនបាត់បង់លំនឹង ហើយស្រាប់តែមានអាការៈមិនស្រួល ក្នុងទ្រូង ឬពិបាកដកដង្ហើម, សូមទាក់ទងទៅគ្រូពេទ្យអោយបានលឿនបំផុត។ វាមានន័យថា សម្ពាធឈាមរបស់អ្នក បានធ្លាក់ចុះ ដោយសារតែបេះដូងរបស់អ្នកមិនអាចដំណើរការបានប្រក្រតី។
៥. ឈឺបំពង់ក ឬឈឺថ្គាម
ថ្គាម ឬបំពង់ក ដែលឈឺចាប់ ជាទូទៅយើងគិតថាមិនមែនជាបញ្ហាពាក់ព័ន្ធបេះដូងទេ។ ភាគច្រើន វាបង្ករឡើងដោយបញ្ហា សាច់ដុំ ឬក៏ផ្តាសាយ។ ប៉ុន្តែប្រសិនបើអ្នកមាន ការឈឺចាប់ឬ មានសម្ពាធនៅកណ្តាលដើមទ្រូងរបស់អ្នក ដែលរាលដាលឡើងទៅក្នុង បំពង់ក ឬថ្គាមរបស់អ្នក, វាអាចជាសញ្ញានៃជំងឺគាំងបេះដូង។ ចូរធ្វើការទំនាក់ទំនង និងស្វែងរកការព្យាបាលដើម្បីប្រាកដថាអ្នកនឹងមិនមានបញ្ហាអ្វីទេ។
៦. តែងតែអស់កម្លាំង
ប្រសិនបើអ្នកមានអារម្មណ៍ថា ចេះតែអស់កម្លាំង ឬបន្ទាប់ពីការធ្វើអ្វីមួយ - ដូចជាការឡើងជណ្តើរ ឬការយកឥវ៉ាន់ចេញពីរថយន្ត - សូមអ្នកធ្វើការណាត់ជួប ជាមួយគ្រូពេទ្យរបស់អ្នកឥលូវនេះ។ អស់កម្លាំងខ្លាំង ឬខ្សោយដោយគ្មានមូលហេតុច្បាស់លាស់, អាចជារោគសញ្ញានៃជំងឺគាំងបេះដូង ជាពិសេស សម្រាប់ស្ត្រីតែម្តង។

៧. ស្រមុក
វាអាចជារឿងធម្មតា ក្នុងការគេងស្រម៉ុក។ ប៉ុន្តែ ការគេងស្រមុកខ្លាំងៗ មិនប្រក្រតីស្ដាប់ទៅដូចជា ដង្ហក់ៗ ឬឈ្លក់ៗ អាចជាសញ្ញានៃការគេងដែលមិនបានដកដង្ហើម។ អ្នកនឹងឈប់ដកដង្ហើម ក្នុងរយៈពេលយ៉ាងខ្លីជាច្រើនដង នៅពេលយប់ ខណៈពេលដែលអ្នកកំពុងតែដេកលក់នោះ។ នេះនឹងបណ្តាលអោយ មានភាពតានតឹង និងបង្ករសម្ពាធទៅលើបេះដូងរបស់អ្នក។ អ្នកអាចអោយ គ្រូពេទ្យធ្វើការត្រួតពិនិត្យដំណេករបស់អ្នក រួចអាចប្រើវិធីសាស្រ្តផ្សេងៗដើម្បីជំនួយបញ្ហានេះផងដែរ។
៨. បែកញើស
ការបែកញើស ដែលគ្មានហេតុផលច្បាស់លាស់ អាចជាសញ្ញានៃ ជំងឺគាំងបេះដូង។ ប្រសិនបើមានបញ្ហានេះកើតឡើង រួមជាមួយនឹងអការៈណាមួយនៃ រោគសញ្ញាផ្សេងទៀត, សូមទាក់ទងទៅមន្ទីរពេទ្យជាបន្ទាន់ និងព្យាយាមកុំធ្វើដំណើរទៅដោយខ្លួនឯងឲ្យសោះ។
ប្រភព : KHMERLOAD.COM
Post a Comment